កសិករឃុំមេលំសប្បាយចិត្ត ខណៈស្រូវប្រាំងជាង៨០០ហិកតា បានទឹកបញ្ចូលហើយ

VOB TV
បញ្ចូលដោយ -

 


កំពង់ឆ្នាំង៖ ប្រជាកសិករឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណដល់មន្ទីរ និងក្រសួងធនធានទឹក ដែលបានជួយពួកគាត់បើកទ្វាទឹកទំនប់អាចាំង បង្ហូរទឹកបានស្រោចស្រពលើដីស្រែប្រាំងពួកគាត់ប្រមាណជាង៨០០ហិកតា។ នៅថ្ងៃនេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក បានចុះទៅពិនិត្យស្រូវប្រាំងកំពុងខ្វះទឹកក្នុងឃុំមេលំ និងបន្តទៅទ្វាទឹកអាចាំង បើកបង្វែរទឹកអោយប្រជាកសិករនៅក្នុងឃុំមេលំបានស្រោចស្រពលើដីស្រែប្រាំងវិញ ក្រោយមិនមានទឹកជាច្រើនថ្ងៃ។

ប្រជាកសិករឃុំមេលំ ស្រុកបរិបូណ៌បានអោយដឹងថា៖ ក្រោយពេលស្រូវឆ្នាំនេះ មានតម្លៃថ្លៃ កសិករនៅឃុំជាប់ប្រព័ន្ធធារាសាស្ត្រអាចាំងដែលធ្លាប់តែធ្វើស្រែវស្សា១ឆ្នាំបាន២ដងហើយនោះ បាននាំគ្នាមកធ្វើស្រែប្រាំងបន្តទៀត នាំអោយទឹកក្នុងប្រព័ន្ធធារាសាស្ត្រអាចាំងបានរីងស្ទើគ្មានសល់ និងបង្ករការរំខានដល់កសិករចំនួន៣ឃុំនៅប៉ែកខាងក្រោមគឺឃុំមេលំ ឃុំខុនរ៉ង និងឃុំផ្សារ ដែលធ្លាប់ធ្វើស្រែប្រាំងតាំងពីយូរណាស់មកហើយ ។ បើទោះជាមេឃុំ ចៅហ្វាយស្រុក រហូតដល់មន្ទីរធនធានទឹក អោយបញ្ឈប់ការធ្វើស្រែនៅតំបន់ក្បែរអាងទឹកអាចាំងនោះយ៉ាងណាក្តី ក៏ពួកគាត់មិនណ្រមស្តាប់ដែរ ហើយបានបិតទឹកមិនអោយធ្លាក់មកខាងឃុំទាំង៣នោះទៀត ហើយកសិករនៅឃុំមេលំ ទើបជួបប្រទះការខ្វះទឹកនៅឆ្នាំនេះ ដែលធ្វើអោយពួកគាត់បារម្ភមែនទែន។ នៅថ្ងៃទី១០ ខែមករានេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង បានចុះទៅបើកបង្ហូរអោយកសិករនៅឃុំមេលំវិញ។ កសិករទាំងអស់សប្បាយចិត្ត និងថ្លែងអំណរគុណដល់មន្ទីរធនធានទឹកដែលបានជួយពួកគាត់។

លោក ដោក ប៊ុនថុន បានសំណូមពរអោយកសិករដែលបានធ្វើស្រែវស្សាហើយនោះ កុំធ្វើស្រែប្រាំងបន្ថែមទៀត នាំអោយខ្វះទឹកបងប្អូនកសិករដូចគ្នានៅប៉ែកខាងក្រោមស្រុកបរិបូណ៌ ដូចជាឃុំមេលំ ឃុំខុនរ៉ង និងឃុំផ្សារ។ ប្រសិនបើបងប្អូនមិនស្តាប់ទេ ទាំងស្រូវនៅជាប់ទំនប់អាចាំង និងស្រូវនៅប៉ែកខាងក្រោមនឹងងាប់ដោយសារគ្មានទឹកស្រោចស្រព ព្រោះតំបន់ឃុំមេលំ មិនមានមធ្យោបាយណាយកទឹកមកស្រោចស្រពបានទេ ក្រៅពីប្រើទឹកមកពីទំនប់អាចាំងនោះ។ 

 ដោយឡែកនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ក៏កំពុងជួបបញ្ហាខ្វះទឹកស្រោចស្រពលើផ្ទៃដីស្រែប្រាំងប្រមាណជាង៧០០ហិកតាផងដែរ ក៏ប៉ុន្តែនៅក្នុងឃុំនេះ ស្រែនៅក្បែរបឹង ពេលនេះខាងមន្ទីរធនធានទឹកបានដាក់គ្រឿងចក្រជីកប្រឡាយជាង៥០០ម ដើម្បិយកទឹកពីបឹងមកស្រោចស្រពបាន ៕ ដោយ ៖ កាំង ហុងវាស្នា

ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!