មេដឹកនាំកំពូលអ៊ីរ៉ង់បញ្ជាឲ្យបើកការស៊ើបអង្កេតចំពោះហេតុការណ៍ផ្ទុះកំពង់ផែសម្លាប់មនុស្ស ៤០នាក់

Mr. Ro
បញ្ចូលដោយ -

 មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានបញ្ជាឲ្យបើកការស៊ើបអង្កេតហ្មត់ចត់លើមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍ផ្ទុះដ៏ធំមួយនៅកំពង់ផែសំខាន់ស្ថិតនៅភាគខាងត្បូងដែលបានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ និងមនុស្សជាង ១ពាន់នាក់ផ្សេងទៀត រងរបួស ។

ការណែនាំរបស់លោក បានកើតមាន ក្រោយប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បំពេញទស្សនកិច្ចទៅកាន់កន្លែងកើតហេតុ ស្ថិតនៅកំពង់ផែ Shahid Rajaeeជិតច្រកសមុទ្រយុទ្ធសាស្រ្ត Hormuzជាទីដែលអណ្តាតភ្លើងបន្តឆាបឆេះរយៈពេលជាង ២៤ម៉ោង ក្រោយការផ្ទុះ ។

លោក Khamenei និយាយនៅក្នុងសារចេញផ្សាយដោយទូរទស្សន៍រដ្ឋថា កងកម្លាំងសន្តិសុខ និងក្រុមមន្រ្តីតុលាការមានកាតព្វកិច្ចស៊ើបអង្កេតឲ្យបានហ្មត់ចត់ រកឲ្យឃើញការធ្វេសប្រហែស ឬក៏ជាចេតនាណាមួយ និងបន្តធ្វើដោយអនុលោមតាមច្បាប់ ។

ទូរទស្សន៍រដ្ឋរាយការណ៍ថា ផ្សែងឈ្លក់ និងកង្វក់បរិយាកាសពាសពេញតំបន់ សាលារៀន និងការិយាល័យទាំងអស់នៅទីក្រុង Bandar Abbas រដ្ឋធានីខេត្ត Hormozgan ត្រូវបានបញ្ជាឲ្យបទ ដើម្បីអនុញ្ញាតឲ្យក្រុមអាជ្ញាធរផ្តោតសំខាន់លើការងារជួយសង្រ្គោះបន្ទាន់របស់ពួកគេ ។

ក្រសួងសុខាភិបាលអ៊ីរ៉ង់ ជំរុញឲ្យពលរដ្ឋចៀសវៀងចេញទៅក្រៅ រហូតដល់មានការជូនដំណឹងបន្ថែមទៀត និងប្រើប្រាស់ម៉ាស់ ។

ពេលមកដល់ទីក្រុង Bandar Abbas លោកប្រធានាធិបតី Pezeshkian បានបង្ហាញការស្ងើចសរសើរបស់លោកដល់ក្រុមឆ្លើយតបដំបូង ដោយលោកនិយាយថា ពួកយើងត្រូវតែជួយគ្នាសិន មុនពេលរដ្ឋាភិបាលជួយតាមក្រោយ ៕

ពាក្យគន្លឹះ: