សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ «ទោះបីខ្ញុំកំពុងនៅជប៉ុន ការគ្រប់គ្រងសភាពការណ៍ និងបញ្ជាឱ្យចល័តកម្លាំងកងទ័ព ស្ថិតក្នុងការទទួលខុសត្រូវរបស់ខ្ញុំជានាយករដ្ឋមន្ត្រីដដែល, សូមប្រជាពលរដ្ឋទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន»

Mr. Ro
បញ្ចូលដោយ -


 ជប៉ុន)៖ ពីទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងពេលបំពេញបេសកកម្មការងារ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសារទៅកាន់ជនរួមជាតិខ្មែរ ចំពោះស្ថានភាពនៃការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅព្រំដែន ក្នុងតំបន់មុំបី ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០២៥។

សម្តេចបវរធិបតីបញ្ជាក់ថា ទោះបីសម្តេចកំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ ប៉ុន្តែប្រព័ន្ធ និងឋានានុក្រមនៃការដឹកនាំបញ្ជាកម្លាំង ក្នុងករណីធំដូចជាការចល័តទ័ពទៅកាន់ព្រំដែន គឺស្ថិតក្នុងការទទួលខុសត្រូវរបស់សម្តេចក្នុងនាមជានាយករដ្ឋមន្ត្រីដដែល។

សម្តេចបញ្ជាក់ថា សម្តេចតាមស្ថានការណ៍ព្រំដែនជាប់ជាប្រចាំតាមរយៈ រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក រួមទាំងលទ្ធផលនៃការទាក់ទងគ្នា រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយសមភាគីថៃផងដែរ។

សម្តេចសង្ឃឹមថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចថ្ងៃនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរ ដូចដែលបានធ្វើកន្លងមក។