ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ គេសង្កេតឃើញប្រជាពលករ ក្មេងចាស់ ប្រុស ស្រី ជាច្រើននាក់ ដែលមានស្រុកកំណើតនៅតាមបណ្តាខេត្តនានា ដូចជាខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាបជាដើម បាននាំគ្នាសម្រុកឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោយពេលដែលមានការចម្រូងចម្រាស់គ្នា រវាងប្រទេសថៃជាមួយនឹងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងរឿងប្រាសាទ ដើម្បីចូលមករកការងារធ្វើនៅក្នុងមូលដ្ឋានតាមខេត្តរៀងៗខ្លួន ដោយមានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងខាងក្រសួងការងារ ឈររង់ចាំទទួលស្វាគមន៍ ពួកគាត់យ៉ាងកក់ក្តៅ ហើយណែនាំការងារឱ្យធ្វើតែម្តង។
បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ សុខ ម៉ុន អាយុ៥០ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បានរៀបរាប់ឱ្យដឹងថា គាត់បានទៅស៊ីឈ្នួលធ្វើចំការដំណាំឱ្យថៅកែថៃម្នាក់ នៅខេត្តចន្ទថាក់បូរី ប្រទេសថៃ អស់រយៈពេល៣ឆ្នាំមកហើយ ដោយនាំប្រពន្ធ និងកូនៗ ទៅរស់នៅទីនោះ។ តែក្នុង១ខែៗ មិនសល់ថវិកាច្រើនប៉ុន្មាននោះទេ បន្ទាប់ពីបើកប្រាក់ខែមក ត្រូវចំណាយទៅលើទិញម្ហូបអាហារ និងផ្ញើទៅសងជំពាក់បំណុលគេនៅឯស្រុកកំណើត។ លោកបានបន្តទៀតថា ក្រោយពេលមានបញ្ហាជម្លោះគ្នារវាងប្រទេសថៃជាមួយនឹងប្រទេសកម្ពុជា ស្រាប់តែថៅកែចំការខាងលើ បានបញ្ឈប់មិនឱ្យបន្តធ្វើការទីនោះទៀត ដោយឱ្យរៀបចំឥវ៉ាន់ធ្វើដំណើរមកប្រទេសកម្ពុជាវិញ។
ទោះបីជាយ៉ាងណាក៏ដោយ លោកគិតថានៅក្នុងប្រទេសខ្មែរ ក៏មិនអត់ការងារធ្វើដែរ ដោយនៅពេលនេះ លោកពិតជាសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង ដោយសារមានអភិបាលខេត្តប៉ៃលិន និងខាងក្រ សួងការងាររង់ចាំទទួលឱ្យចុះឈ្មោះធ្វើការងារនៅស្រុកខ្មែរវិញ។ ប្រភពដដែលបានបញ្ជាក់ទៀតថា នៅថ្ងៃក្រោយគ្រួសាររបស់លោកនឹងមិនធ្វើដំណើរទៅស៊ីឈ្នួលធ្វើការងារនៅប្រទេសថៃទៀតឡើយ ដោយខិតខំប្រឹងប្រែងធ្វើការងារនៅក្នុងស្រុករបស់ខ្លួនប្រសើរជាង ព្រោះអាចជួបជុំក្រុមគ្រួសារ និងមានញាតិមិត្តនៅក្បែរៗគ្នា ពេលមានអាសន្នអន្ធក្រអ្វីមួយកើតឡើង គឺអាចជួយគ្នាទាន់ពេលវេលា។
ចំណែកលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឱ្យដឹងដែរថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រុញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ចុះទៅតាមគោលដៅនៃច្រកទ្វារអន្តរជាតិដែលមានព្រំប្រទល់ជាប់ជាមួយនឹងព្រំដែនប្រទេសថៃ ដោយសហការជាមួយនឹងអភិបាលខេត្តនីមួយៗ រង់ចាំទទួលពលករ និងណែនាំការងារជូនដល់ពួកគាត់ធ្វើ ខណៈពេលដែលកំពុងធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញ ជាពិសេសទទួលបានការណែនាំការងារសំណាក់រដ្ឋបាលខេត្តប៉ៃលិន និងខេត្តផ្សេងៗផ្ទាល់តែម្តង។
លោកជំទាវអភិបាលខេត្តប៉ៃលិន បានបន្តទៀតថា ដោយសារតែពលករនៅក្រៅប្រទេសមួយចំនួន ជាពិសេសប្រទេសថៃ ធ្លាប់ចាញ់ការញុះញង់ពួកជ្រុលនិយម សូមឱ្យបែរមកជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលវិញ ព្រោះសម្តេចនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនពលករទាំងអស់គ្រប់ៗគ្នា។
សូមបញ្ជាក់ថា បញ្ហាព្រំដែនរវាងកម្ពុជាថៃនៅច្រកទ្វារអន្តរជាតិព្រំ ក៏ដូចជាច្រកទ្វារផ្សេងៗទៀតដែរ នៅមានភាពតានតឹង ដោយមិនអនុញ្ញាតឱ្យនាំយកបន្លែ ឬផ្លែឈើចូលមកក្នុងទឹកដីប្រទេសកម្ពុជាឡើយ។ ចំណែកឯភ្ញៀវត្រូវបានបើកឱ្យដំណើរការចេញចូលឆ្លងដែននៅវេលាម៉ោង ៩ និង០០នាទីព្រឹក និងបិទច្រកទ្វារទៅវិញនៅវេលាម៉ោង៤ និង០០នាទីរសៀល៕