ឯកឧត្ដម សែម សំណាង ដឹកនាំសហការីចុះចែកអំណោយជូនបងប្អូនជនមានពិការភ្នែក នៅខេត្តបាត់ដំបង

Mr. Ro
បញ្ចូលដោយ -
បាត់ដំបង៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ ឯកឧត្តម អគ្គនាយក សែម សំណាង នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនមានពិការភ្នែក បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួននិងបានថវិការមួយចំនួនពីបងប្អូនអតីតអ្នករួមសាលាជាមួយគ្នា ដឹកនាំសហការី ចុះចែកជូនអំណោយដល់បងប្អូនជនមានពិការភ្នែក ដែលរស់នៅក្នុងតំបន់ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង។ អំណោយដែលបាននាំយកទៅចែកជូន រួមមានថវិកា និងសម្ភារៈគ្រឿងឧបភោគបរិភោគចាំបាច់ប្រចាំថ្ងៃ ដូចជា អង្ករ មីកញ្ចប់ ទឹកបរិសុទ្ធ ត្រីខ ទឹកត្រី ទឹកស៊ីអីវ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ អ្នកទទួលបានអំណោយក្នុងឱកាសនេះ រួមមាន លោកស្រី មើយ ចំរើន និងប្ដី យឹន ចំរើន ជាប្ដីប្រពន្ធទាំងពីអ្នកដែលរជាជនមានពិការភ្នែក ព្រមទាំងមានបងប្អូនជនមានពិការភ្នែកបន្ថែមទៀតចំនួន៣នាក់ ដែលរស់នៅក្នុងបន្ទប់ដូចជាគ្នា។ ឯកឧត្ដម សែម សំណាង បានថ្លែងថា សកម្មភាពនេះគឺជាការបង្ហាញពីស្មារតីមនុស្សធម៌ ការយកចិត្តទុកដាក់ និងចូលរួមសង្គ្រោះបងប្អូនដែលកំពុងជួបការលំបាក។ លោកបន្ថែមថា៖ “ការចែករំលែកទឹកចិត្តជួយដល់បងប្អូនជនមានពិការភ្នែក គឺជាកិច្ចការដ៏មានន័យដែលសមាគមយើងតែងតែធ្វើជាប្រចាំ ដោយមានគោលបំណងលើកទឹកចិត្តនិងជួយសង្គ្រោះបញ្ហាជីវភាព។” បងប្អូនដែលទទួលបានអំណោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម និងក្រុមការងារ ដែលបានឧស្សាហ៍ចុះមកជួបផ្ទាល់ ដោយនាំមកនូវភាពកក់ក្ដៅ និងសង្ឃឹមមួយថ្មីសម្រាប់ពួកគេ។ សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនមានពិការភ្នែក បន្តធ្វើសកម្មភាពសប្បុរសធម៌ជាប្រចាំ ដើម្បីជួយជនមានពិការភាព និងជាជនក្រីក្រ ក្នុងគោលបំណងជំរុញភាពស្មើភាពក្នុងសង្គម និងបង្កើតគំនិតចែករំលែកក្នុងចិត្តមនុស្សជាទូទៅ។















ពាក្យគន្លឹះ: