ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ និងនារីម្នាក់ទៀតដែលគេសង្ស័យថាជាគូរស្នេហ៍បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូឌុបគ្នាបើកឆ្លងផ្លូវហើយត្រូវបានរថយន្តធុនធំដឹកទំនិញបុក កិនតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត្រ។
ហេតុការរថយន្តធុនធំបុកជាមួយម៉ូតូបណ្តាលឱ្យស្លាប់មនុស្សចំនួន០២នាក់ សង្ស័យជាគូរស្នេហ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីរំលងអាធ្រាត្រថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៥-ទៅលេខ៦) ត្រង់ចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ដ០១គ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3D-9554 អ្នកបើកបរមានឈ្មោះ រ៉ង សុខា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិពពក ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅពីទិសត្បូងទៅទិសខាងជើង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើបានបុកប៉ះជាមួយម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JF-9593 អ្នកបើកបរឈ្មោះ ថៃ ថេង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកណ្ដៀង ឃុំព្រីងខ្ពស់ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ឌុបមនុស្ស១នាក់មិនស្គាល់អត្តសញ្ញាណ និងអាសយដ្ឋាន ភេទស្រី អាយុប្រហែល២០ឆ្នាំ ដែលកំពុងបើកបរឆ្លងផ្លូវពីកើតទៅលិច បណ្ដាលឱ្យស្លាប់ទាំង០២នាក់ សង្ស័យជាគូរស្នេហ៍ នៅកន្លែងកើតហេតុតែម្តង។ សពជនរងគ្រោះទាំង០២នាក់ នគរបាលជំនាញកំពុងតែធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិ ។
នគរបាលស្រុកសំរោងទងបានបន្តថា ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែង នៅកន្លែងកើតហេតុ ម៉ូតូរងការខូចខាត០១គ្រឿងធ្ងន់ធ្ងរ ហើយរថយន្ដមិនមានរងការខូចខាតនោះទេ( ស្រាល)។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថា ក្រោយវាស់វែង រថយន្ត និងម៉ូតូវត្ថុតាងទាំង០២គ្រឿង នគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងគ្រើលរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។
ចំណែកអ្នកបើកបររថយន្ដឈ្មោះ រ៉ង សុខា បាននាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីបន្ដ ។
ចំពោះសពជនរងគ្រោះទាំង០២នាក់ សង្ស័យជាគូរស្នេហ៍ ដឹកតាមរថយន្តសាម៉ុយយកទៅតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕