ខេត្តបាត់ដំបង ៖ កម្ពុជាទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អាហារសម្រន់ជូនដល់ពលករផងដែរ ។ ពលករខ្មែរដែលបានមកដល់ស្រុកកំណើតវិញអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ សូមវិលត្រឡប់មកមាតុប្រទេសវិញ ដើម្បីសុវត្ថិភាព ។
បងប្អូនពលករ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតវិញដោយសុវត្ថិភាព ។
ជាបន្តបន្ទាប់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ មន្ត្រីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ។
សូមជម្រាបថា ការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់ បានទទួលនូវការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្ដេចបានផ្ដល់រថយន្តជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលករទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញជាបន្តបន្ទាប់ប្រកបដោយសុខសុវត្ថិភាព ។
រដ្ឋបាលខេត្តបាត់ដំបង មន្ត្រីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្រុមគ្រូពេទ្យ យុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជា បានជួយសម្របសម្រួលជញ្ជូនអីវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗ ៕