ការស៊ើបអង្កេតរបស់ CMAC ជាមួយអង្គការ Golden West ៖ គ្រាប់បែក MK-84 នៅភូមិថ្មដូន គឺជាគ្រាប់បែកទំនើប មិនមែនជាគ្រាប់ចាស់ឡើយ
បញ្ចូលដោយ -
8/05/2025
រាជធានីភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា នៅថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៊ីម៉ាក់ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាប់បែកនេះជាលម្អិត ដោយបានបញ្ជាក់ថា គ្រាប់បែក MK-84 នេះ មានលេខ Lot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦ ។
លោក ហេង រតនា បន្តថា ប្រធានអង្គការ Golden West ប្រចាំកម្ពុជា និងជាអតីតកងទ័ពម៉ារីនសហរដ្ឋអាមេរិកខាងជំនាញគ្រាប់យុទ្ធភណ្ឌ ជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះ នៃប្រទេសក្នុងតំបន់នេះ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែក MK-84 នេះ ក៏បានបញ្ជាក់អំពីអត្តសញ្ញាណគ្រាប់បែក MK-84 នេះផលិតនៅឆ្នាំ១៩៩៦ និងអាចសៀមទិញពីក្រុមហ៊ុន IMI (Israel Military Industries) របស់អ៊ីស្រាអ៊ែល បានទទួលសិទ្ធផលិតនិងលក់គ្រាប់បែកត្រកូល MK នេះ ។
លោក ហេង រតនា បញ្ជាក់ថា ៖ «គ្រាប់បែក MK-84 នេះ ផលិតក្នុងឆ្នាំ១៩៩៦ ដូចនេះ វាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣កើតទេ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ!» ៕
ពាក្យគន្លឹះ: