រាជធានីភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា សម រង្ស៊ី និយាយមួលបង្កាច់ ចំអកពីខឿនការពារជាតិខ្លួន មិនសមជាខ្មែរនោះទេ ។
ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើបណ្តាញសង្គមនៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ថា ៖«សម្ដីរបស់លោក ធ្វើឱ្យខ្ញុំ មានការខ្មាសអៀន តូចចិត្ត និងខឹងសម្បា» ។
តើលោកសមជាខ្មែរ ទេ
ខ្មាសអៀន ៖ ដោយខ្ញុំមិននឹកស្មានថា លោកជាជនជាតិខ្មែរមួយរូប ប៉ុន្តែនិយាយមិនឱ្យតម្លៃសញ្ជាតិខ្លួនឯងទាល់តែសោះ។ លោកធ្វើឱ្យអាប់អន់ដល់ ខ្មែររាប់លាននាក់ ដែលខិតខំប្រឹងប្រែងទប់ស្កាត់ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវ។ លោកមានបានយល់ពីជម្រៅនៃ ទឹកចិត្ត ឆន្ទៈ និងស្មារតី អង្គអាចក្លាហានរបស់វីរយុទ្ធជនយើង បើទោះមិនមានភាពទំនើបដូចទាហានឈ្លានពានក៏នៅតែការពារទឹកដីយើងមកដល់ពេលនេះ ។
តូចចិត្ត ៖ ដោយសារ មានខ្មែរដូចរូបលោក ដែលមិនត្រឹមតែមិនគាំទ្រប៉ុណ្ណោះទេ តែបែរជាម៉ោងនេះ ពេលនេះ មកនិយាយមួលបង្កាច់ ចំអកពីខឿនការពារជាតិខ្លួន និងធ្វើឱ្យអាប់អន់កិត្តិយសជាតិទៅវិញ ។
ខឹងសម្បា ក្តៅក្រហាយ ៖ រាជរដ្ឋាភិបាល និងយុទ្ធជនខ្មែរ បានលះបង់គ្រប់បែបយ៉ាង ដើម្បីគ្រប់គ្រងសមរភូមិក្ដៅ។ លោកនិយាយបែបនេះ តើលោកបានយល់ និងនឹកឃើញដល់យុទ្ធជនជួរមុខគ្រប់រូប ដែលបានឃ្លាតឆ្ងាយពីប្រពន្ធកូន ហើយខ្លះបានរងរបួស ខ្លះពលីដើម្បីការពារទឹកដីខ្មែរ ។
ខ្ញុំបានជួប និងស្តាប់ដោយផ្ទាល់ជាមួយបងៗរបួសដែលបានឆ្លងកាត់ ការវាយប្រហាររបស់ពួកឈ្លានពាន លោកពិតជាមិនអាចយល់នូវស្មារតីលះបង់ និងភាពអង្គអាចក្លាហានរបស់ពួកគាត់ ដែលនៅសមរភូមិផ្ទាល់នោះទេ លោកនៅក្រៅប្រទេសនិយាយដោយ រីករាយដោយមិនខ្វល់ពី ការពលីឬសុខទុក្ខរបស់ពូៗ បងៗ កងកម្លាំងរបស់យើងនៅជួរមុខ ។
ឯកឧត្តម បានលើកឡើងថា និយាយអោយខ្លី ហើយម្តងទៀត លោកសមជាខ្មែរទេ ៕