តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​ កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរ​ទេស​ ពិសេស​ពី​ចិន

Bunlors
បញ្ចូលដោយ -

 


រាជធានី​ភ្នំពេញ​ ៖​ តំបន់​សេដ្ឋកិច្ច​ពិសេស​ កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ពិសេស​ពី​ប្រទេស​ចិន​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​សហ​ប្រធាន​គណៈ​កម្មា​ធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិក​ការិយាល័យ​នយោបាយ​, ប្រធាន​ការិយាល័យ​គណៈកម្មការ​កិច្ចការបរទេស​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​, និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​នៅ​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០២៥​។

នៅ​ក្នុង​ជំនួប​​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់​ថុ​ល បាន​អបអរសាទរ​ចំពោះ​ប្រទេស​ចិន​ដែល​ទទួល​បាន​ភាព​ជោគជ័យ​លើ​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អង្គការ​ សហប្រតិបត្តិការ​សៀង​ហៃ​បូក​នា​ពេល​ថ្មី​ៗ​នេះ​ ។


ជាមួយ​គ្នា​នេះ​ដែរ ភាគី​មិត្ត​ចិន​បាន​វាយតម្លៃ​ខ្ពស់​លើ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ដែល​រួម​ចំណែក​ដល់​ការ​ពង្រឹង​មិត្តភាព​ដែកថែប​ឱ្យ​កាន់តែ​កក់ក្តៅ សំដៅ​បង្កើត​សហគមន៍​វាសនា​រួម​និង​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ ។

តាម​រយៈ​កិច្ចប្រជុំ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រ​ឥត​ឈប់​ឈរ​របស់​ប្រទេស​ចិន​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ ។ ចំពោះ​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ រវាង​ប្រទេស​ទាំង​ពីរ​បាន​មាន​ភាព​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ពោល​​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) កាលពី​ឆ្នាំ​២០១២​មាន​ទំហំ​តិច​ជាង ៥០០​លាន​ដុល្លារ​អាម៉េរិក ហើយ​ក្នុង​ឆ្នាំ​២០២៤​កើនឡើង​ដល់​ប្រមាណ​៣,៤​ពាន់​លាន​ដុល្លារ​អាមេរិក​ ។

ឯកឧត្តម​ឧត្ត​ប​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ «តំបន់​សេដ្ឋកិច្ច​ពិសេស​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ពិសេស​ពី​ប្រទេស​ចិន​។ បច្ចុប្បន្ន ​កម្ពុជា​បាន​អនុម័ត​តំបន់​​សេដ្ឋកិច្ច​ពិសេស​ចំនួន​៥៧​តំបន់ ហើយ​ក្នុង​នោះ​ មាន​១១​តំបន់​គឺជា​ការ​វិនិយោគ​របស់​វិនិ​យោគិន​ចិន​» ​។

ឯ​ឧត្តម​បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ឆ្នាំ​២០២០ ដល់​ខែកក្កដា ឆ្នាំ​២០២៥ មាន​គម្រោង​វិនិយោគ​ប្រមាណ​៤០០​គម្រោង បាន​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​រួចរាល់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ទាំងនោះ។ជាមួយ​គ្នា​នេះ​ដែរ ​ចំពោះ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស គិត​ត្រឹម​រយៈពេល​៨​ខែ នៃ​ឆ្នាំ​២០២៥​នេះ មាន​គម្រោង​វិនិយោគ​ចំនួន​៤៩១​គម្រោង ​ហើយ​ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​ជូន​វិនិយោគិន ​ដើម្បី​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ​។


កិច្ចប្រជុំ​នា​ឱកាស​នេះ ​បាន​ពិភាក្សា​លើ​ប្រធានបទ​សំខាន់​ៗ​ក្នុង​ការ​ជំរុញ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ការ​អនុវត្ត​គម្រោង​ផែនការ​នានា​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិ​កម្ម ឧស្សាហកម្ម សុខាភិបាល វប្ប​ធ​ម៍ និង​បច្ចេកវិទ្យា​ជាដើម ដែល​ស្ថិត​ក្រោម​ក្រប​ខណ្ឌ​នៃ​អនុស្ស​រណៈ​នៃ​ការ​យោគយល់​គ្នា និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ ។

គម្រោង​គួរ​ឱ្យ​កត់សម្គាល់​ដែល​បាន​លើកយក​មក​ពិភាក្សា​មាន​ដូច​ជា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​, គម្រោង​កែ​លំអ​ផ្លូវជាតិ​លេខ​៣ ត​ភ្ជាប់​កំពត​-​វាល​រេញ​, គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​​៧ រមាត​-​ត្រពាំង​គ្រៀល​, គម្រោង​ទំនើប​កម្ម​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ខេត្ត​ព្រះ​សីហ​នុ​, គម្រោង​ពង្រីក​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​, និង​គម្រោង​ច្រករបៀង​ត្រី និង​អង្ករ​ជាដើម​ ៕