ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ មិនមែនមានវិបត្ដិអីទេ តែសាហាវហួសបានយកដែកជ្រុងមួយកំណាត់ធ្វើការគប់ទៅលើរថយន្ដអ្នកដំណើរ ចំកញ្ចក់ផ្នែកខាងមុខ កាលពីវេលាម៉ោង២២:០០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានម្ចាស់រថយន្ដឈ្មោះ ផាត់ ម៉ង់តារា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានមករាយការណ៍ជូនមកសមត្ថកិច្ច និងបានដាក់ពាក្យបណ្តឹងលើឈ្មោះ កន សាវ័រ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិពងទឹក ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានផ្សាយនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ។
តាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា ករណីគប់កញ្ចក់រថយន្ត ដោយម្ចាស់រថយន្ដបានបើករថយន្ត១គ្រឿង ម៉ាកលុចស៊ីស RX330 ពណ៌ស ពាក់ផ្លាកលេខ រដ្ឋ ០៧.២-៥៥៥៦ ធ្វើដំណើរពីរនាក់ប្រពន្ធឈ្មោះ មាស សុភត្ត្រា អាយុ៣៣ឆ្នាំ អាសយដ្ឋានផ្ទះភ្នំពេញ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះមកដល់គីឡូម៉ែត្រ៤១-៤២ ស្ថិតក្នុងភូមិវល្លិសរ ឃុំវល្លិសរ ស្រាប់តែមានហេតុការណ៍ភ្ញាក់ផ្អើល និងការភ័យរន្ធត់កើតឡើង ដោយមានបុរសម្នាក់ជិះកង់១គ្រឿងធ្វើដំណើរពីកើតទៅលិច បញ្ច្រាសទិសគ្នា រួចបានយកដែកជ្រុងមួយគប់មកលើរថយន្ដ ត្រូវកញ្ចក់រថយន្ដផ្ទាំងមុខផ្នែកខាងស្តាំ បណ្ដាលឲ្យបែកប្រេះស្រាំ ។
ដោយឃើញហេតុការណ៍នេះ ម្ចាស់រថយន្តបានឈប់ឡាន រួចក៏ចុះទៅសួរនាំរកខុស ត្រូវស្រាប់តែឈ្មោះខាងលើបានធ្វើការវាយមកលើម្ចាស់រថយន្ដ បណ្ដាលអោយរងរបួសចំផ្ទៃមុខ និងចំក្បាល ក្រោយហេតុការណ៍ខាងលើ បានអ្នកដំណើរនាំគ្នាចុះជួយអន្ដរាគមន៍ឃាត់ និងប្រគល់ជូនមកសមត្ថកិច្ចមូលដ្ឋានរួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបំពេញនីតិវិធី ព្រមទាំងដកហូតបានដែកជ្រុងមួយកំណាត់គប់កញ្ចក់រថយន្ត និងកង់១គ្រឿង ។
នៅចំពោះមុខជនបង្កបានឆ្លើយសារភាពថា ពិតជាបានប្រព្រឹត្ដសកម្មភាពវាយ និងគប់រថយន្ដខាងលើប្រាកដមែន ។ បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីចំណាត់ការតាមនីតិវិធី ៕