រាជធានីភ្នំពេញ ៖ ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ និងទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានសហការជាមួយសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាបានរៀបចំសិក្ខាសាលា ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជន ជាពិសេសម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្ម រួមទាំងម្ចាស់អាជីវកម្មសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ ឱ្យទទួលបាននូវចំណេះដឹងអំពីផលប៉ះពាល់នៃផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងគោលការណ៍ច្បាប់នានា ។ នេះបើយោងតាមផេកក្រសួងមហាផ្ទៃបានប្រកាសនាថ្ងៃទី២១ ខែតុលានេះ ។
សិក្ខាសាលានេះបានប្រព្រឹត្តធ្វើឡើងនារសៀលថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៥ នៅសាលដឹហ្គ្រេនធើរេស រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. ។
មានប្រសាសន៍ក្នុងពិធីបិទអង្គសិក្ខាសាលាលោក នៅ លក្ខណា ប្រធាន គ.ប.ផ.ក. បានកោតសរសើរ និងថ្លែងអំណរគុណដល់ឯកឧត្តមឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដែលបានសហការរៀបចំឱ្យមានសិក្ខាសាលាដ៏មានសារៈសំខាន់បំផុតនេះឡើង និងវាលគ្មិនជំនាញៗ បានមកធ្វើបទបង្ហាញ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមលើទិដ្ឋភាពច្បាប់ និងផលប៉ះពាល់បណ្ដាលមកពីផលិតផលក្លែងក្លាយ អាហារផ្ទុកសារធាតុគីមីហួសកម្រិត ឱសថគ្មានសុវត្ថិភាពជាដើម ដែលបានបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព ប៉ះពាល់ដល់សេដ្ឋកិច្ចអ្នកប្រើប្រាស់ផ្ទាល់ ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងសុវត្ថិភាពសង្គម ។
ប្រធាន គ.ប.ផ.ក. មានប្រសាសន៍បន្ថែមថា ដើម្បីដោះស្រាយបញ្ហាទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ទន្ទឹមនឹងវិធានការនានា និងយន្តការចាំបាច់មួយចំនួន ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចនៃបណ្ដាក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធហើយនោះ ឯកឧត្ដមក៏សូមអំពាវនាវដល់សាធារណៈជនទាំងអស់ ជាពិសេសម្ចាស់អាជីវកម្មគ្រប់ប្រភេទ សូមចូលរួមគោរពច្បាប់ឱ្យម៉ឺងម៉ាត់ ចៀសវាងប្រឈមទោសទណ្ឌ និងចូលរួមសហការទាំងអស់គ្នា បង្កា ទប់ស្កាត់ ការផលិត ការនាំចូល ការស្តុកទុក ការចែកចាយ ការលក់ផលិតផលទាំងឡាយណាដែលខុសទៅនឹងច្បាប់ ជាពិសេសផលិតផលក្លែងក្លាយចំណីអាហារផ្ទុកសារធាតុគីមីលើសកម្រិត និងឱសថគ្មានសុវត្ថិភាពជាដើម ដើម្បីរួមគ្នាការពារឱ្យបាននូវសុខភាពសាធារណៈ សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងសុវត្ថិភាពសង្គមរបស់យើងទាំងអស់គ្នា។
លោក បានមានប្រសាសន៍បន្តថា ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដូចមានចែងនៅក្នុងសេចក្ដីសម្រេច និងអនុសាសន៍ដឹកនាំជាប់ជាប្រចាំរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ជាទិសដៅរបស់គ.ប.ផ.ក. នឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីបញ្ជ្រាបការយល់ដឹងបែបនេះទៅតាមគ្រប់រូបភាព ដូចជា តាមរយៈការផ្សព្វផ្សាយនៅលើផេកផ្លូវការ គ.ប.ផ.ក. តាមបណ្ដាញសង្គមឬបណ្ដាញសារព័ត៌មាន តាមរយៈសិក្ខាសាលា និងតាមរយៈចុះផ្សព្វផ្សាយដោយផ្ទាល់ទៅដល់គោលដៅសំខាន់ៗ រួមមាន ៖ សាលារៀន រោងចក្រ ទីតាំងលក់ដូរ និងតាមផ្សារនានាជាដើម ៕