រាជធានីភ្នំពេញ ៖ ប្រទះឃើញសពស្ត្រីវ័យជាង៤០ឆ្នាំម្នាក់អណ្តែតទឹកនៅក្បែរច្រាំងមាត់ទន្លេ ត្រូវបានពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅក្រោយសណ្ឋាគារខេមបូឌីយ៉ាណា សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពស្ត្រីដែលគេប្រទះឃើញនេះមានឈ្មោះ ហង្ស ចាន់នី អាយុ៤៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅម្ដុំស្ទឹងមានជ័យ២ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិទំពាំងសង្កែ ឃុំគគីរធំ ស្រុកបារាយ៍ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលភ្ញាក់ផ្អើលគេបានធុំក្លិនស្អុយចេញពីច្រាំងទន្លេ បន្ទាប់មកគេប្រទះឃើញសពស្ត្រីម្នាក់អណ្តែតទឹក ពលរដ្ឋក៏បាននាំគ្នារាយការណ៍ដំណឹងនេះទៅកាន់សមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។ បន្ទាប់ពីទទួលដំណឹងនេះ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំង និងបានទាក់ទងទៅកាន់មន្ត្រីជំនាញផ្នែកកោសលវិច្ឆ័យ ដើម្បីចុះមកត្រួតពិនិត្យសព ។
ប្រភពព័ត៌មានបន្ថែមបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានផ្ញើរសារផ្តែផ្តាំទៅកាន់មនុស្សជុំវិញខ្លួន ដោយផ្តាំផ្ញើរអោយចងចាំគាត់ផង ផ្តាំផ្ញើរួចក៏ទាក់ទងលែងចូល ។ លុះប៉ុន្មាននាទីក្រោយមក ក៏មានសមត្ថកិច្ចខលទៅកាន់ក្រុមគ្រួសារដោយបានប្រាប់ថាស្ត្រីខាងលើលោ.តទឹកសម្លា.ប់ខ្លួនបាត់ទៅហើយ នៅចំណុចស្ពានជ្រោយចង្វារ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ។
ប្រភពពីសាច់ញាត្តិបានឲ្យដឹងថា មូលហេតុនៃការស្លាប់របស់គាត់ គឺបណ្តាលមកពីវិបត្តិផ្លូវចិត្ត គ្រួសារ និងបញ្ហាបំណុល ។
បន្ទាប់ពីធ្វើកោសលវិច្ឆ័យរួច មន្ត្រីជំនាញបានប្រគល់សពស្ត្រីខាងលើ ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕


