Messi ជាប់ជាកីឡាករអស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ឈរលើ Pele, Maradona និង Ronaldo

Mr. Ro
បញ្ចូលដោយ -
Messi ជាប់ជាកីឡាករអស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ឈរលើ Pele, Maradona និង Ronaldoកំពូលខ្សែប្រយុទ្ធ Lionel Messi ជាប់ឈ្មោះជាកីឡាករបាល់ទាត់ល្អអស្ចារ្យបំផុតប្រចាំប្រវត្តិសាស្ត្រ របស់សហព័ន្ធអន្តរជាតិប្រវត្តិសាស្រ្តបាល់ទាត់ និងស្ថិតិ (IFFHS) ខណៈកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ស្ថិតនៅចំណាត់ថ្នាក់លេខ ៤។ លោកវីរបុរសបាល់ទាត់ប្រេស៊ីល Pele និងអាហ្សង់ទីន Diego Maradona ស្ថិតនៅចំណាត់ថ្នាក់ទី២ និងទី៣IFFHS បានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៨៤ ក្នុងទីក្រុង Zurich ប្រទេសស្វ៊ីស ដោយត្រូវបានគេស្គាល់ថាជាស្ថាប័នកត់ត្រាប្រវត្តិសាស្ត្របាល់ទាត់ ព្រមទាំងផ្តល់ស្ថិតិផ្សេងៗស្តីពីបាល់ទាត់។ រៀងរាល់ឆ្នាំ ស្ថាប័ននេះតែងតែផ្តល់កិត្តិយសចាត់ថ្នាក់កីឡាករល្អ គ្រូបង្វឹកល្អ អ្នកចាំទីល្អ ក្លិបល្អ​ កីឡាករស៊ុតបាល់បញ្ចូលទីច្រើន និងក្រុម ១១នាក់ល្អបំផុតលើពិភពលោក។

បើតាមបញ្ជីឈ្មោះកំពូលកីឡាករអស្ចារ្យប្រចាំប្រវត្តិសាស្ត្រ Messi ជាកីឡាករឈរកំពូលតារាង បន្ទាប់មកគឺលោក Pele វីរបុរសបាល់ទាត់ប្រេស៊ីល ចំណែកលេខ ៣ បានទៅលើវីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona។ Cristiano Ronaldo វ័យ ៤០ឆ្នាំ ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ឈរពីលើលោក Johan Cruyff វីរបុរសបាល់ទាត់ហូឡង់ និងក្លិប Barcelona ដែលនៅលំដាប់ទី៥។

ចំណែកចំណាត់ថ្នាក់លេខ ៦ បានលើអតីតខ្សែប្រយុទ្ធប្រេស៊ីល លោក Ronaldo Nazario លេខ ៧ បានលើលោក Zinedine Zidane វីរបុរសបាល់ទាត់បារាំង។ ចំណាត់ថ្នាក់លេខ ៨ បានលើលោក Franz Beckenbauer វីរបុរសបាល់ទាត់អាល្លឺម៉ង់ ខណៈលោក Alfredo Stefano វីរបុរសបាល់ទាត់អាហ្សង់ទីន នៅលេខ ៩ និងលោក Ronaldinho ចំណាត់ថ្នាក់លេខ ១០។

ចំណោមបញ្ជីឈ្មោះកីឡាករកំពូលទាំង ១០រូប ក្នុងនោះកីឡាករ ៧រូប រួមមាន Messi, Pele, Maradona, Ronaldo Nazario, Di Stefano និង Ronaldinho ជាកីឡាករធ្លាប់ជួយក្រុមជម្រើសជាតិឈ្នះពានរង្វាន់កីឡាបាល់ទាត់ពិភពលោក World Cup។ ដោយឡែក កីឡាករ ៨រូប ក្នុងបញ្ជីធ្លាប់ឈ្នះពានកីឡាករល្អអស្ចារ្យបំផុតលើពិភពលោកប្រចាំឆ្នាំ (Ballon d’Or) លើកលែងតែលោក Pele និង Maradona។ 

ពានរង្វាន់ Ballon d’Or ដំបូងឡើយ ត្រូវបានផ្តល់ជូនតែកីឡាករអឺរ៉ុបប៉ុណ្ណោះ មុនពេលច្បាប់ថ្មីបានកែប្រែក្នុងឆ្នាំ ១៩៩៥ ដែលអាចផ្តល់ទៅកីឡាករមកពីគ្រប់តំបន់។ Ronaldo Nazario, Ronaldinho និង Messi ជាកីឡាករមកពីទ្វីបអាម៉េរិកខាងត្បូងឈ្នះពាន Ballon d’Or។ដល់ពេលនេះ នៅទូទាំងអាជីពរបស់ Messi រូបគេឈ្នះពានរង្វាន់សរុប ៤៦ពាន​, Ballon d’Or ចំនួន ៨លើក ស្បែកជើងមាសទ្វីបអឺរ៉ុប ៦លើក ត្រឹមវ័យ ៣៧ឆ្នាំ។ ពានរង្វាន់ធំដែល Messi បានឈ្នះមាន World Cup 2022, Copa America ២លើក, UEFA Champions League ៤លើក, La Liga ១០លើក, Ligue 1 ១លើក, Club World Cup រួមទាំងពានរង្វាន់ដទៃផ្សេងទៀត។មិនត្រឹមតែប៉ុណ្ណោះកីឡាករអាហ្សង់ទីន ក៏ធ្លាប់ឈ្នះមេដាយមាសកីឡាអូឡាំពិកឆ្នាំ ២០០៨ ដែលធ្វើឡើងនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនផងដែរ។ចំណែក Cristiano Ronaldo វិញ ជាម្ចាស់កំណត់ត្រាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេប្រចាំប្រវត្តិសាស្ត្របាល់ទាត់ មកដល់ពេលនេះគេរកបានចំនួន ៩៣៤គ្រាប់ ទាំងក្លិប និងជម្រើសជាតិ លើស Messi ដែលស៊ុតបាន ៨៦០គ្រាប់ និងលោក Pele មានចំនួន ៧៥៧គ្រាប់។ Ronaldo ឈ្នះ Ballon d’Or ៥សម័យ ពានរង្វាន់ UEFA Champions League ៥លើក, Euro 2016 និងពានរង្វាន់ជាច្រើនផ្សេងទៀត។លោក Pele វិញ ជាកីឡាករតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រដែលឈ្នះ World Cup ចំនួន ៣លើក នៅក្នុងឆ្នាំ ១៩៥៨, ១៩៦២ និង ១៩៧០ ហើយលោកមិនលេងឱ្យក្លិបនៅតំបន់អឺរ៉ុបឡើយ៕

ពាក្យគន្លឹះ: