យោងតាមរបាយការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការកែទម្រង់ច្បាប់នៅកម្ពុជា ត្រូវបានបង្កើតឡើងរួមគ្នានឹងការកែទម្រង់យុត្តិធម៌ តាមរយៈការអនុម័តជាផ្លូវការនូវកម្មវិធី «ការកែទម្រង់ច្បាប់ និងតុលាការ» ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៣ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងចក្ខុវិស័យបង្កើតនូវវិស័យច្បាប់ និងតុលាការមួយដែលអាចជឿទុកចិត្តបាន និងមានស្ថិរភាព សម្រាប់ទ្រទ្រង់គោលការណ៍សិទ្ធិរបស់បុគ្គល ការបែងចែកអំណាចដាច់ពីគ្នា និងនីតិរដ្ឋ នៅក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការលើកស្ទួយនូវការរីកចម្រើនសេដ្ឋកិច្ចនាំមុខដោយវិស័យឯកជន។
ស្របតាមទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ តាមព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/១៥០ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានកំណត់តួនាទី និងភារកិច្ច ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ គាំទ្រ សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ និងពង្រឹងមុខងារនីតិកម្ម នៃក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាលជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីក្នុងបុព្វហេតុ នៃការពង្រឹងនិងពង្រីកគុណភាព និងប្រសិទ្ធភាពនៃវប្បធម៌នីតិរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា។