រាជភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ថវិកាចំនួន ១៨៣,៥៨៨ដុល្លារអាម៉េរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) សម្រាប់លទ្ធកម្មរថយន្តពន្លត់អគ្គិភ័យជប៉ុន និងការបំពាក់បរិក្ខារពេទ្យ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថាកិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីរ។ ថវិកាទាំងនេះដើម្បីអនុវត្តគម្រោងដូចតទៅ៖
ទី១៖ គម្រោងធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ (ថវិកាចំនួន ១២០,៣០៨ដុល្លារអាម៉េរិក) ស្ថាប័នទទួលជំនួយ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ។
ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីធ្វើលទ្ធកម្មរថយន្តសង្គ្រោះរបស់ជប៉ុនសម្រាប់រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការឆ្លើយតបបន្ទាន់នៅតំបន់ទីប្រជុំជនក្នុងប្រទេសកម្ពុជា ដែលការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅតំបន់ទីប្រជុំជនបាននាំមកនូវឧប្បត្តិហេតុអគ្គិភ័យជាញឹកញាប់ ដោយសារកត្តាអគារពុំមានសុវត្ថិភាព និងបណ្តាញខ្សែភ្លើងដ៏ស្មុគស្មាញ។ ទោះបីជាមានបុគ្គលិកសុខាភិបាលនៅស្ថានីយពន្លត់អគ្គិភ័យក៏ដោយ ការខ្វះខាតនូវរថយន្តសង្គ្រោះបន្ទាន់បានពន្យារកិច្ច ខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិត ដែលពេលខ្លះអាចបណ្តាលឱ្យមានអ្នកស្លាប់។
ដើម្បីដោះស្រាយបញ្ហានេះរថយន្តសង្គ្រោះបន្ទាន់ចំនួន៤ នឹងត្រូវបានផ្តល់ដល់ស្ថានីយពន្លត់អគ្គិភ័យ ដែលក្នុងនោះមានរាជធានីភ្នំពេញ ចំនួន២គ្រឿង ខេត្តកណ្តាលចំនួន១គ្រឿង និងខេត្តព្រះសីហនុចំនួន១គ្រឿង ដើម្បីជួយសម្រួលដល់ការសង្គ្រោះបន្ទាន់ និងការថែទាំឱ្យបានលឿនក្នុងករណីអគ្គិភ័យ។
គំនិតផ្តួចផ្តើមនេះនឹងផ្តល់អត្ថប្រយោជន៍ដលប្រជាជនប្រមាណ ៤,១៤លាននាក់ ជាមួយការលើកកម្ពស់នូវប្រតិបត្តិការជួយសង្គ្រោះផ្នែកអគ្គិភ័យ និងបង្កើនសុវត្ថិភាពសាធារណៈ។
និងទី២៖ គម្រោងបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យបង្អែកបរកែវ ក្នុងខេត្តរតនគិរី (ថវិកាចំនួន ៦៣,២៨០ដុល្លារអាម៉េរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរពេទ្យបង្អែកបរកែវ។
ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីបំពាក់ម៉ាស៊ីនថតកាំរស្មីអ៉ិច ម៉ាស៊ីនចាប់ចង្វាក់បេះដូង និងម៉ាស៊ីនភ្លើងថ្មី នៅមន្ទីរពេទ្យបង្អែកបរកែវ។ ចាប់តាំងពីម៉ាស៊ីនថតកាំរស្មីអ៉ិចបានខូចក្នុងឆ្នាំ២០២១ អ្នកជំងឺដែលត្រូវការថតរូបភាពកាំរស្មីអ៉ិច ត្រូវធ្វើដំណើរចម្ងាយ ៣០គីឡូម៉ែត្រ ទៅកាន់មន្ទីរពេទ្យខេត្ត ដោយចំណាយទាំងថ្លៃធ្វើ ដំណើរខ្ពស់ និងពន្យារពេលក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ។ បន្ថែមពីនេះការដាច់ភ្លើងញឹកញាប់ ជាពិសេសក្នុងរដូវវស្សាកាន់តែរាំងស្ទះដល់ការព្យាបាល។ ដោយសារអគារព្យាបាលជំងឺទូទៅខ្វះម៉ាស៊ីនភ្លើង គ្រូពេទ្យត្រូវប្រើប្រាស់ពិលដើម្បីធ្វើការងារ។មន្ទីរពេទ្យក៏ខ្វះនូវម៉ាស៊ីនចាប់ចង្វាក់បេះដូងផងដែរ ដែលចាំបាច់ក្នុងការរកឃើញសញ្ញាដំបូងនៃជំងឺបេះដូង។
តាមរយៈការបំពាក់ម៉ាស៊ីនថតកាំរស្មីអ៉ិច ម៉ាស៊ីនចាប់ចង្វាក់បេះដូង និងម៉ាស៊ីនភ្លើងថ្មី មន្ទីរពេទ្យនឹងអាចផ្តល់ការធ្វើរោគវិនិច្ឆ័យបានលឿន និងត្រឹមត្រូវជាងមុន ដែលលើកកម្ពស់ការថែទាំអ្នកជំងឺប្រមាណ ៩,៥០០នាក់ ជារៀងរាល់ឆ្នាំ និងកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុលើសហគមន៍ជនបទ។
សូមជម្រាបជូនថា គម្រោងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។
ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៧២លានដុល្លារអាម៉េរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណិចំនួន ៧០៦គម្រោង នៅទូទាំងប្រទេសកម្ពុជា៕