រាជធានីភ្នំពេញ ៖ លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានប្រកាសនាថ្ងៃទី១២ខែតុលានេះថា ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ខ្ញុំ និងក្រុមការងារអង្គភាព CMAC បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ។
នៅក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចនោះដែរ ដើម្បីស្វែងយល់ពីកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា និយាយជារួម និងនិយាយដោយឡែក សមិទ្ធផលដែលអង្គភាព CMACសម្រេចបាន ជាពិសេសក្នុងរយៈពេលជាង២៧ឆ្នាំមកនេះ JICA បានផ្តល់ជូនរាជរដ្ឋាភិបាលនូវសម្ភារបច្ចេកទេសបោសសម្អាតមីនជាច្រើនប្រភេទ រួមទាំងគ្រឿងចក្រកម្ទេចមីនធុនធ្ងន់ មានចំនួនជាង៥០គ្រឿង ។
លោក ហេង រតនា បានបញ្ជាក់ថា ខ្ញុំបានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញមកបំពេញទស្សនកិច្ច នៅទីបញ្ជាការ CMACភ្នំពេញ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា ។
ក្នុងជំនួបនេះដែរ ខ្ញុំបានជម្រាប ជូនឯកឧត្តមបណ្ឌិតអំពីប្រវត្តិសង្គ្រាមនៅកម្ពុជា បញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាសំណល់យុទ្ធភណ្ឌសង្គ្រាម ដំណើរការនៃការកសាងសន្តិភាព ការអភិវឌ្ឍប្រទេសឡើងវិញ ក្រោយសង្គ្រាមត្រូវបានបញ្ចប់ ព្រមទាំងបានចែករំលែកបទពិសោធន៍ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព CMAC លើការងារបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា ។
ទន្ទឹមនឹងនេះ តាមរយៈឯកឧត្តមបណ្ឌិត ខ្ញុំក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសមន្ត្រីថ្នាក់ដឹកនាំ JICA គ្រប់ឋានានុក្រម ដែលតែងតែផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យសកម្មភាពកំចាត់មីនរបស់អង្គភាព CMAC ជាពិសេសការផ្ដល់ជំនួយគាំទ្រការកសាងអគារហ្វឹកហ្វឺន នៅខេត្តកំពង់ឆ្នាំង និងសារមន្ទីរតេជោសន្ដិភាពនៅខេត្តសៀមរាបសម្រាប់ដាក់បង្ហាញរូបភាពប្រវត្តិសាស្ត្រសង្គ្រាម ប្រវត្តិជនរងគ្រោះដោយសារសង្គ្រាម ព្រមទាំងសំណល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌសង្គ្រាម ដើម្បីរំលឹកការចងចាំនៃមរតកសង្គ្រាម និងតម្លៃមហាសាលនៃសន្តិភាព ។
មុននឹងបញ្ចប់ ខ្ញុំក៏បានសំណូមពរដល់រដ្ឋាភិបាលជប៉ុន តាមរយៈJICA ដើម្បីបន្ដជួយគាំទ្រដល់វិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសគាំទ្រកម្ពុជាក្នុងការងារបោសម្អាតមីនរយៈពេល៥ឆ្នាំ ក្នុងអាណត្តិស្នើសុំបន្តរអនុវត្តអនុសញ្ញាអន្ដរជាតិអូតាវ៉ាដល់ឆ្នាំ២០៣០ ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត តាណាកា អាគិហិកុ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព CMAC ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជា និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការកសាងសន្ដិភាព តាមរយៈការចែករំលែកបទពិសោធន៍ និងជំនាញបច្ចេកទេសដល់បណ្ដាប្រទេសដែលរងគ្រោះដោយសារសង្គ្រាមនៅជុំវិញពិភពលោក ។
ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមក្នុងការបង្កើតសារមន្ទីរតេជោសន្តិភាព ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់អប់រំដល់អ្នកជំនាន់ក្រោយពីបញ្ហាសង្គ្រាម និងការកសាងសន្តិភាពតាមរយៈការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ។
បន្ថែមពីនេះ ឯកឧត្តមបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់អង្គភាព CMACក្នុងស្រាវជ្រាវការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងវិស័យបោសសម្អាតមីន ជាមួយអ្នកជំនាញជប៉ុន ដូចជា ម៉ាស៊ីនរាវមីនប្រភេទ ALIS ក៏ដូចជា ការបញ្ញាសិប្បនិម្មិតជាដើម ។
ឯកឧត្តមក៏បានលើកឡើងពីការប្ដេជ្ញាចិត្តក្នុងការបន្តគាំទ្ររបស់ JICA ក្នុងការសហការជាមួយអង្គភាព CMAC ក្នុងការស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបោសសម្អាតនៅតំបន់ដែលរងប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ លើសពីនេះ ឯកឧត្តមមានការភ្ញាក់ផ្អើល និងបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គឺមានការអភិវឌ្ឍយ៉ាងខ្លាំងគួរអោយកត់សម្គាល់ ដូចជាព្រលានយន្តហោះថ្មី និងហេដ្ឋារចនាសម្ព័ន្ធនានា ៕