ថៃព្រមានថា ខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ នឹងគ្របដណ្តប់រាជធានីបាងកកនិងខេត្តមួយចំនួនទៀត ពេញមួយខែធ្នូនេះតែម្តង។
ខ្យល់ពុលនៅបាងកក (រូបថត៖ Nation)
តាមការផ្សាយរបស់ Khaosod ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាល Phatthana Promphat កាលពីថ្ងៃអង្គារទី២ខែធ្នូឆ្នាំ២០២៥, ខ្យល់ពុល PM2.5 ដ៏អាក្រក់ នឹងវាយប្រហាររហូតដល់ដើមឆ្នាំក្រោយឯណោះ។
ទន្ទឹមនោះ លោកបានព្រមានឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នជាពិសេសក្រុមមនុស្សងាយរងគ្រោះដូចជាកុមារតូចៗ ស្រ្តីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកមានជំងឺរ៉ាំរ៉ៃ ជាពិសេសអ្នកមានជំងឺផ្លូវដង្ហើម ត្រូវចៀសវាងសកម្មភាពខាងក្រៅ ឬពាក់ម៉ាសឲ្យបានជាប់ជានិច្ចពេលចេញទៅណាមកណា។
ការព្រមាននេះកើតឡើងស្របពេល ខ្យល់ពុល PM2.5 បានឈានដល់កម្រិតប្រកាសអាសន្នពណ៌ក្រហម នៅក្នុងទីក្រុងបាងកកនិងខេត្តចំនួន១៤។
ខ្យល់ពុលកម្រិតប្រកាសអាសន្នពណ៌ក្រហមបានគ្របដណ្តប់ទីក្រុងបាងកក, ខេត្ត Samut Sakhon, Nonthaburi, Nakhon Pathom, Samut Prakan, Pathum Thani, Chonburi, Chachoengsao, Rayong, Ratchaburi, Chanthaburi, Trat, Prachinburi, Samut Songkhram និង Phetchaburi។
ទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិនៃប្រទេសថៃ (GISTDA) បានឲ្យដឹងថា ពេលឡើងដល់ចំណុចកំពូលនៅថ្ងៃអង្គារ ខ្យល់ពុល PM2.5 ក្នុងខ័ណ្ឌ Nong Khaem នៃទីក្រុងបាងកក បានឈានកម្រិតគ្រោះថ្នាក់ខ្លាំង ១០២.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ពោលគឺលើសឆ្ងាយណាស់ពីកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាលថៃ ដែលដាក់ត្រឹម២៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ប៉ុណ្ណោះ។
ក្រៅពីរាជធានីនិងខេត្តទាំង១៤នេះ ខេត្តផ្សេងៗទៀតក៏ PM2.5 ឈានដល់កម្រិតគ្រោះថ្នាក់ដែរ គ្រាន់តែពណ៌ទឹកក្រូចប៉ុណ្ណោះ ប៉ុន្តែវាក៏នឹងឈានដល់កម្រិតពណ៌ក្រហមដូចគ្នា ក៏ស្ថានភាពមិនប្រសើរ៕

