ក្រសួងការពារជាតិកម្ពុជា បដិសេធ​នូវ​ការ​ចោទប្រកាន់​ទាំងឡាយ​របស់​ភាគី​ថៃ​ករណី​ជនជាតិ​ចិនជាន់​មី.ន​ពុំ​មានឈ្មោះ​ក្នុង​ទិន្នន័យ​ចេញ​-​ចូល​ទេ

Bunlors
បញ្ចូលដោយ -


 រាជធានី​ភ្នំពេញ​៖​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បដិសេធ​នូវ​ការ​ចោទប្រកាន់​ទាំងឡាយ​របស់​ភាគី​ថៃ​ករណី​ជនជាតិ​ចិន​ជាន់​មីន​ថា​ពុំ​មានឈ្មោះ​នៅ​ក្នុង​ទិន្នន័យ​ចេញចូល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​៣០ វិ​ច្ឆ​កា ឆ្នាំ​២០២៥​បាន​បញ្ជាក់​ថា​ករណី​នៃ​ការ​ផ្ទុះ​មីន ដែល​ជនជាតិ​ចិន​បាន​ជាន់​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដល់​សាធារណជន​ថា យោង​តាម​សេចក្តីរាយការណ៍​ពី​យោធភូមិ​ភាគ​ទី​៥ នៃ​កង​យោធពលខេមរភូមិន្ទ បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង ៣:២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ កងការពារ​ព្រំដែន​លេខ​៥០៣​របស់​កម្ពុជា ដែល​ឈរជើង​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ បានឮ​សូរ​សំឡេង​ផ្ទុះ​គ្រាប់​មីន​ចំនួន ០១​គ្រាប់ ហើយ​បើ​តាម​ការ​ពិនិត្យ​ទីតាំង​ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​នៅ​ក្នុង​តំបន់​ចម្ការ​មីន​របស់​កម្ពុជា ដែល​មាន​គ្រាប់​មីន​ចាស់​មិន​ទាន់​ផ្ទុះ​ដែល​ជា​សំណល់​ពី​សម័យ​សង្គ្រាម​ជា​យូរ​ឆ្នាំ​មក​ហើយ​។

អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ជនជាតិ​ចិន​ឈ្មោះ SHI JINGUI កាន់​លិខិតឆ្លងដែន​លេខ 2356975263 ដែល​អាជ្ញាធរ​ថៃ​បាន​ផ្សាយ​ថា​ជា​ជន​រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​ជាន់​មីន​នោះ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ជាក់​ថា​ពុំ​មានឈ្មោះ​នៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​កត់ត្រា​អ្នកដំណើរ​ចេញ​-​ចូល​ប្រទេស​កម្ពុជា​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នោះ​ឡើយ​។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​បដិសេធ​នូវ​ការ​ចោទប្រកាន់​ទាំងឡាយ​របស់​ភាគី​ថៃ​។ ក្រសួងការពារជាតិ​សូម​គូសបញ្ជាក់​ថា ប្រទេស​កម្ពុជា​គោរព​អនុវត្ត​ច្បាប់​អន្តរជាតិ និង​មិន​ដែល​ដាក់​មីន​ថ្មី​នោះ​ទេ​។ លើស​ពី​នេះ ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​បាន​ខិតខំ​ប្រឹងប្រែង​បោសសម្អាត​មីន​ដែល​នៅ​សេសសល់​ពី​សង្គ្រាម ដើម្បី​ការពារ​អាយុជីវិត និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​លើកកម្ពស់​សេដ្ឋកិច្ច​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការងារ​ដោះ​មីន​នៅ​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ការងារ​ដោះ​មីន​មនុស្សធម៌​តាម​ព្រំដែន​កម្ពុជា​-​ថៃ ក្រុមការងារ​របស់​អង្គភាព CMAC និង TMAC, ក្នុង​នាម​ជា​សេនាធិការ​ឱ្យ​ក្រុមការងារ JCTF, បាន​ចុះ​ទៅ​សិក្សា​វាយតម្លៃ និង​បន្ត​ប្រជុំ​ពិភាក្សា​លើ​ទីតាំង​សាកល្បង​នៅ​ក្នុង​តំបន់​អាទិភាព​នៅ​ព្រំដែន ដោយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជា​បន្តបន្ទាប់​។ ក្នុង​ន័យ​នេះ ភាគី​កម្ពុជា​ជំរុញ​ឱ្យ​ភាគី​ថៃ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​កិច្ចព្រមព្រៀង​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​រួច​មក​ហើយ ដោយ​ការងារ​ដោះ​មីន​មនុស្សធម៌​នៅ​តាម​ព្រំដែន ត្រូវធ្វើ​ឡើង​តាម​រយៈ​ក្រុមការងារ JCTF និង​ស្រប​តាម SOP ដែល​បាន​ឯកភាព​គ្នា​។

ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ភាព​ជា​អ្នក​ជិតខាង​ល្អជា​មួយ​ថៃ និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ព្រមទាំង​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥៕