កម្ពុជា​ថ្លែងអំណរគុណ ICRC ចំពោះ​តួនាទី​មនុស្សធម៌ រហូត​ដល់​វីរ​កងទ័ព​កម្ពុជា ១៨​រូប វិល​ត្រឡប់​ដោយ​សុវត្ថិភាព

Bunlors
បញ្ចូលដោយ -


 រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៦ នៅ​ទីស្តីការ​ក្រសួងការពារជាតិ លោក​ឧត្តមសេនីយ៍ឯក រ៉ាត់ ដា​រ៉ា​រ័​ត្ន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ជាមួយ​គណៈប្រតិភូ នៃ​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម (ICRC) ដឹកនាំ​ដោយ​លោក Stéphane Bonamy ប្រធាន​បេសកកម្ម ICRC ប្រចាំ​រាជធានី​ភ្នំពេញ ។

គោលបំណង ​នៃ​ជំនួប​នេះ គឺ​ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​រវាង​កម្ពុជា​-​ថៃ ជាង​នេះ​ទៅ​ទៀត អង្គប្រជុំ​ក៏​បាន​លើក​ឡើង អំពី​ការ​យកចិត្តទុកដាក់​របស់ ICRC លើ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​វីរ​កងទ័ព​កម្ពុជា​ទាំង ១៨​រូប ព្រមទាំង​ការ​បន្ត​រៀបចំ និង​អនុវត្ត​នូវ​បេសកកម្ម​មនុស្សធម៌​របស់ ICRC នា​ពេល​ខាង​មុខ​ផង​ដែរ ។


ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ៉ាត់ ដា​រ៉ា​រ័​ត្ន ក៏​បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​គណៈកម្មាធិការ​អន្តរជាតិ នៃ​កាកបាទក្រហម (ICRC) ចំពោះ​តួនាទី​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ចុះ​សួរសុខទុក្ខ និង​ការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​របស់​កងទ័ព​កម្ពុជា​ទាំង ១៨​រូប ក្នុងអំឡុងពេល​ត្រូវ​បាន​ឃុំខ្លួន​នៅ​ប្រទេស​ថៃ អស់​រយៈពេល ១៥៥​ថ្ងៃ រហូត​ដល់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​មក​កាន់​មាតុភូមិ​វិញ​ដោយ​សុវត្ថិភាព ។

ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ឡើង​វិញ នូវ​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ ការ​គោរព​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ការ​ប្តេជ្ញា​រួម​គ្នា​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​មនុស្សធម៌ និង​ការ​លើកកម្ពស់​ស្ថិរភាព​នៅ​តំបន់ ដែល​រង​ផល​ប៉ះពាល់ ៕