មន្ត្រី​ឧ​ទ្យា​នុ​រក្ស ប្រទះ​ឃើញ​ហ្វូង​ក្ងោក​បៃតង ​២០​ក្បាល នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់

Bunlors
បញ្ចូលដោយ -


 ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​សហការ​ជាមួយ​គម្រោង «​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុជា​» នៃ​ក្រសួងបរិស្ថាន​បាន​ដើរ​ល្បាត​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្មា​ត​(SMART) នា​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៦ បាន​ប្រទះ​ឃើញ​ហ្វូង​ក្ងោក​បៃតង ចំនួន​ប្រមាណ​២០​ក្បាល កំពុងស៊ី​ចំណី​នៅ​តាម​ជើងភ្នំ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ។

សូម​បញ្ជាក់​ថា ក្ងោក​បៃតង ឬ​ក្ងោក (​ឈ្មោះ​អង់គ្លេស ៖ Green Peafowl ឈ្មោះ​វិទ្យាសាស្ត្រ ៖ Pavo muticus) ក្ងោក​ឈ្មោល​មាន​បណ្តោយ​ខ្លួន​ធំ ជើងវែង ក​វែង ស្លាប និង​ខ្លួន​មាន​ពណ៌​បៃតង​ភ្លឺ កំប៉ោយ​ឈរ​ត្រង់ មាន​កន្ទុយ​ធំ​វែង មាន​ដៅ​ពណ៌​លឿង​លាយ​ខៀវ ដូច​ជា​ភ្នែក​រាប់រយ ហើយ​ញី​មាន​រូបរាង​ស្រ​ដៀង​ឈ្មោល​ដែរ តែ​ពណ៌​ស្រអាប់​ជាង​និង​មាន​កន្ទុយ​ខ្លី ។


ក្ងោក​មាន​វត្ត​មាននៅ​ស្ទើរ​គ្រប់​ទីកន្លែង នៃ​ប្រទេស​កម្ពុជា ដែល​ភាគច្រើន​រស់នៅ​តំបន់​ព្រៃ​ល្បោះ​ចម្រុះ តាម​មាត់ទឹក ជាយព្រៃ​ឫស្សី ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃស្រោង​។ ក្ងោក​ស្ថិត​ក្នុង​ក្រុម​ប្រភេទ​សត្វ​មាន​ដោយ​កម្រ តាម​ចំណាត់​ប្រទេស​កម្ពុជា និង​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​អា​យូ​ស៊ី​អិន IUCN (EN) ជា​ប្រភេទ​ជិត​ផុត​ពូជ និង​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​ឧ​ប​សម្ព័ន្ធ​២ នៃ​អនុសញ្ញា​សាយ​តេស CITES​។ ជាមួយ​គ្នា​នេះ​ក្ងោក​កំពុង​ប្រឈម​រង​គ្រោះ​ដោយសារ​ការ​ទាក់​ចាប់ និង​បាត់បង់​ទីជម្រក​។ ប៉ុន្តែ​ការ​រស់នៅ​សុខសាន្ត​របស់​ប្រភេទ​ជីវៈចម្រុះ​នេះ បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា សត្វព្រៃ​និង​ជីវៈចម្រុះ​ផ្សេង​ៗ​ទៀត នៅ​ក្នុង​តំបន់ការពារធម្មជាតិ ត្រូវ​បានការ​ពារ​និង​ថែរក្សា​បាន​ល្អ និង​ធ្វើ​ឱ្យ​មាន​វត្តមាន​សត្វព្រៃ​កើនឡើង​ផង​ដែរ ។


គួរ​បញ្ជាក់​ថា ក្រសួងបរិស្ថាន បាន​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត លើ​ការ​ទប់ស្កាត់ លុប​បំបាត់ និង​បង្ក្រាប នូវ​រាល់​សកម្មភាព​ល្មើសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ និង​បទល្មើស​បរិស្ថាន ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ជា​ពិសេស​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ ៕