រាជធានីភ្នំពេញ ៖ លក្ខខណ្ឌមួយចំនួន ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ផ្តល់ជូនបងប្អូនអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ និងចិញ្ចើមផ្លូវ សាធារណៈ ក្នុងតំបន់ជុំវិញផ្សារដើមគ រួមមាន ៖
១. អាចមានជម្រើសផ្លាស់ប្ដូរទៅលក់ទៅផ្សារដើមគថ្មី ដែលអាជ្ញាធរធ្លាប់សម្របសម្រួលជូនកន្លងមក ឬទៅរកទីតាំងឯកជនផ្សេងទៀត ដែលខ្លួនគិតថា ងាយស្រួល ប៉ុន្តែមិនមែនលក់លើផ្លូវសាធារណៈ ។
២. ក្នុងដំណាក់កាលនេះ បើបងប្អូនមានបញ្ហាខ្វះខាតជីវភាពខ្លាំង រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយទំនុកបម្រុងជាអង្ករជូន។
៣. មិនត្រូវ បន្តលក់ដូរលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដាច់ខាត ។
នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងជំនួបជាមួយបងប្អូនអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅជុំវិញតំបន់ផ្សារដើមគ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា កន្លងមក អាជ្ញាធរបានអត់ធ្មត់បំផុត ចំពោះការលក់ដូរគ្មានសណ្ដាប់ធ្នាប់នេះ ព្រោះគិតពីជីវភាពរបស់បងប្អូន ។ ម្យ៉ាងទៀត ដោយសារពុំទាន់រកទីតាំងសមរម្យ សម្រាប់ផ្លាស់ប្ដូរជូនបាន ប៉ុន្តែពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរកទីតាំង សមស្រប និងមានលក្ខខណ្ឌអនុគ្រោះជាច្រើនបានហើយ នោះគឺផ្សារដើមគថ្មី ហើយបើបងប្អូន មិនចង់ទៅផ្សារថ្មីនោះទេ បងប្អូនអាចរកទីតាំង ឯកជនណាផ្សេងទៀត ក៏បាន តែហាមដាច់ខាតមិនឱ្យលក់លើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឡើយ។ សូមបងប្អូនចូលរួមសហការជាមួយអាជ្ញាធរដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈ របស់រាជធានីភ្នំពេញយើង ។
នៅរសៀលថ្ងៃដដែល លោក ឃួង ស្រេង នឹងអញ្ជើញជួបសំណេះសំណាលសម្របសម្រួលជាមួយពលរដ្ឋអាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ក្បែរផ្សារដើមគរ ក្នុងខណ្ឌទួលគោកបន្តទៀតដែរ ៕




