(នីស, បារាំង)៖ ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក Emomali Rahmon ប្រធានាធិបតីតាជីគីស្ថាន ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។
ក្នុងឱកាសនៃជំនួបនោះ លោកប្រធានាធិបតីតាជីគីស្ថាន បានសម្តែងក្តីសោមនស្សរីករាយបានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាចំណែកជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកប្រធានាធិបតី បានរំឭកអំពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសតាជីគីស្ថាន កាលពីឆ្នាំ២០១៩ កន្លងទៅផងដែរ។