រាជធានីភ្នំពេញ៖ បុរសម្នាក់មានមុខរបរជាជាងសំណង់ ប្រហែលជាមិនសូវកាក់កបក៏បែកគំនិតធ្វើចោរ ខណៈជិះម៉ូតូតាមផ្លូវឃើញនាងកម្មការិនីរោងចក្រម្នាក់ជិះម៉ូតូម្នាក់ឯងដាក់ទូរស័ព្ទនៅក្នុងហោប៉ៅខោក្រោយ ក៏បានធ្វើសកម្មភាពឆក់យកបានសម្រេច ។ បន្ទាប់មកបានជិះម៉ូតូបត់ត្រលប់ក្រោយរត់គេចខ្លួន ប៉ុន្តែរត់មិនរួចឡើយ ដោយនាងរងគ្រោះបានបត់ម៉ូតូត្រលប់ក្រោយដេញតាមដែរ និងស្រែកថា«ចោរៗ» បង្កឲ្យមានការភ្ញាក់ផ្អើលតាមដងផ្លូវ រួចក៏ត្រូវបានកម្លាំងប្រជាការពារនិងនគរបាលជួយឃាត់បាន ។
ហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុងស្ថិតនៅក្នុងភូមិចំបក់ពណ្ណរាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បុរសដែលជាជនសង្ស័យខាងលើនោះឈ្មោះ រាន វាសនា អាយុ៣៣ឆ្នាំ មុខរបរជាសំណង់ ស្នាក់នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ដោយឡែកជនរងគ្រោះឈ្មោះគល់ មុំ អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
កម្មការិនីរូបនោះបាននិយាយថា នៅមុនពេលកើតហេតុនាងបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅអត់ស្លាកលេខធ្វើដំណើរចេញពីផ្ទះដើម្បីទៅធ្វើការរោងចក្រដោយបានទុកទូរស័ព្ទ១គ្រឿងម៉ាកOPPO នៅក្នុងហោប៉ៅខោក្រោយ ។ ខណៈនោះនាងជិះតែម្នាក់ឯងប៉ុណ្ណោះ ហើយផ្លូវនោះក៏ស្ងាត់ទៀតផង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1FP-5755 តាមពីក្រោយ ។
នាងគល់ មុំ បាននិយាយប្រាប់ឲ្យដឹងបន្តទៀតថា ពេលជិះម៉ូតូទៅដល់ទន្ទឹមរូបនាង ជនសង្ស័យឈ្មោះ រាន វាសនា នោះក៏បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីហោប៉ៅខោក្រោយនាងបានសម្រេច រួចបត់ម៉ូតូត្រលបប់ក្រោយជិះរត់គេចខ្លួន ។ ពេលនោះនាងក៏បានបត់ម៉ូតូត្រលប់ក្រោយវិញដែរ ហើយដេញតាមបណ្ដើរនិងស្រែកថា«ចោរៗ» បណ្ដើរបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាការពារនិងនគរបាលជួយដេញតាមឃាត់ជនសង្ស័យបានតែម្ដង ។
នគរបានបានប្រាប់ឲ្យដឹងថា ក្រោយពីឮសម្រែកថាចោរនោះហើយ កម្លាំងប្រជាការពារភូមិ និងសង្កាត់បានឮនិងឃើញ ក៏បានស្រែកប្រកាសតាមវិទ្យុទាក់ទាក់ទង ឲ្យតាមបណ្ដាគោលដៅនានាជួយចេញពួនស្ទាក់ ដើម្បីឃាត់ជនសង្ស័យ ។ ក្រោយមកក៏បានប្រទះឃើញជនសង្ស័យនៅតាមផ្លូវលេខ៤២ ត្រង់ចំណុចជិតផ្លូវរថភ្លើង ស្ថិតនៅក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។ ក៏បានធ្វើការឃាត់ខ្លួនបានភ្លាមៗ បន្ទាប់មកបានបញ្ជូនទៅកាន់ប៉ុស្តិ៍បឹងធំ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕