រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា មហាសមុទ្រមិនអាចទ្រហោយំរៀបរាប់ពីការឈឺចាប់របស់វាបានទេ វាត្រូវតែពឹងផ្អែកលើសំឡេងរបស់យើង ដែលក្នុងន័យនេះ សម្តេចបានអំពាវនាវឱ្យមានសកម្មភាពរួមប្រកបដោយក្តីក្លាហាន ឱ្យមានការបង្រួបបង្រួមគ្នាប្រកបដោយភាពម៉ឺងម៉ាត់ ដើម្បីសមុទ្រ ដើម្បីប្រជាជន និងដើម្បីមនុស្សជំនាន់ក្រោយ។
នេះបើតាមឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីបានស្រង់សំដី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាសន្និសីទអង្គការសហប្រជាជាតិស្តី ពីមហាសមុទ្រលើកទី៣ ដែលបានប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង កាលពីថ្ងៃទី៨-១១ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក ។
ថ្លែងប្រាប់អ្នកសារព័ត៌មានស្តីពីលទ្ធផលនៃបេសកកម្មចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម តាន់ហ្សង់ ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា៖ ជាការពិតសន្និសីទ អង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣នេះ វាគឺជាព្រឹត្តិការណ៍សែនសំខាន់ ប៉ុន្តែក៏សំខាន់ណាស់ដែរ អ្វីៗដែលប្រព្រឹត្តិទៅនៅក្រៅក្របខណ្ឌផ្លូវការនៃសន្និសីទនោះ រួមមាន ជាពិសេស ជំនួបទ្វេភាគីរវាងមេដឹកនាំនៃប្រទេសនេះជាមួយមេដឹកនាំនៃប្រទេសនោះ ហើយក្នុងន័យនេះ សម្តេចបវរធិបតីបានឆ្លៀតជួបជាទ្វេភាគី សំណេះសំណាលជាមួយប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល និងបណ្តារដ្ឋមន្ត្រីនៃប្រទេសជាច្រើនមកពីគ្រប់ទិសទីនៃពិភពលោក ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជួបជាអាទិ៍ជាមួយឯកឧត្តមប្រធានាធិបតីបារាំង ប្រធានក្រុមប្រឹ ក្សាអឺរ៉ុប ប្រធានាធិបតីតាជីគីស្ថាន នាយករដ្ឋមន្ត្រីកូឌីវ័រ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប៊ែលហ្ស៊ិកជាដើម។
ឯកឧត្តមបានឲ្យដឹងថា មានថ្នាក់ដឹកនាំជាង១៥០ប្រទេស មកពីជុំវិញពិភពលោកបាន ចូលរួមនាសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំងនេះ ក្នុងនោះ មានជិត៦០រូបគឺជាប្រមុខរដ្ឋ ឬជាប្រមុខរដ្ឋាភិបាល ម្លោះហើយតាមរយៈការចុះហត្ថលេខាទទួលកិច្ចព្រមព្រៀងអនុសញ្ញាស្តីពីសម្បត្តិធម្មជាតិនៅក្រៅអធិបតេយ្យជាតិ (BBNJ) នៅចំពោះមុខ ថ្នាក់ដឹកនាំកំពូលៗមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោក សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យពិភពលោកមើលឃើញថា នៅទីណាដែលពហុភាគីនិយម ដែលអភិបាលកិច្ចពិភពលោកត្រូវបានឱ្យតម្លៃ គឺត្រូវតែមានមុខប្រទេសកម្ពុជា ។
សូមជម្រាបជូនថា ក្នុងសន្និសីទនោះដែរ កម្ពុជាក៏បានបង្ហាញពីការប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួនក្នុងការការពារសមុទ្រ តាមរយៈការពង្រឹងតំបន់ការពារដែនសុមុទ្រពង្រឹងបទប្បញ្ញត្តិ ស្តីពីការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងពង្រឹងគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ ដែលក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសំខាន់ៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងសមត្ថភាព សម្រាប់ការអភិរក្សសមុទ្រ និងការគ្រប់គ្រង ធនធាន ប្រកបដោយនិរន្តរភាពនឹងរួមបញ្ចូលទាំងការធានា នូវលទ្ធភាពទទួលបានវិទ្យាសាស្ត្រ ចំណេះដឹង បច្ចេកវិទ្យា និងការផ្តល់មូលនិធិ ជាពិសេសសម្រាប់ការស្រាវជ្រាវសមុទ្រ ការត្រួតពិនិត្យ និងការបង្កើតការអនុវត្តគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព ៕