ថៃកំពុងបំពានអនុសញ្ញាអន្តរជាតិ ក្នុងការប្រើប្រាស់ផ្សែងពុលដើម្បីវាយប្រហារកម្ពុជា ថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ​​ ម៉ោង ៣:០០ នាទី រសៀល

Mr. Ro
បញ្ចូលដោយ -

ថៃកំពុងបំពានអនុសញ្ញាអន្តរជាតិ ក្នុងការប្រើប្រាស់ផ្សែងពុលដើម្បីវាយប្រហារកម្ពុជា

បុគ្គលិកស្លៀកពាក់ឧបករណ៍ការពារកាន់គ្រាប់បែកក្លែងក្លាយអំឡុងពេលបង្ហាញនៅកន្លែងកម្ទេចអាវុធគីមីនៅ GEKA ក្នុងទីក្រុងមុនស្ទឺ ភាគខាងជើងប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣។ រូបភាព ៖ AFP

អនុសញ្ញាស្តីពីអាវុធគីមី និងអាវុធជីវសាស្រ្តបានចែងយ៉ាងច្បាស់ពីការហាមឃាត់ការអភិវឌ្ឍ ការផលិត ការស្តុកទុក និងការប្រើប្រាស់អាវុធគីមី អាវុធជីវសាស្ត្រ និងសារធាតុពុល ព្រមទាំងធានាការបំផ្លាញអាវុធទាំងនេះដែលមានស្រាប់។​ ដូច្នេះ ថៃបានប្រើប្រាស់ផ្សែងពុលដើម្បីវាយប្រហារលើអធិបតេយ្យភាពកម្ពុជា​ គឺបំពាននឹងអនុសញ្ញាអន្តរជាតិ។ 

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា បានសង្គត់ធ្ងន់ថា កងកម្លាំងថៃបានប្រើប្រាស់ផ្សែង ពុលក្នុងការវាយប្រហារមួយចំនួននៅតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់អានសេះ និងភ្នំខ្មោច។ លោកស្រីបានថ្លែងថា ថៃបានប្រើប្រាស់យន្តហោះចម្បាំងដើម្បីទម្លាក់ផ្សែងពុលទាំងនេះ។ 

តើអនុសញ្ញាអន្តរជាតិនានាចែងយ៉ាងដូចម្តេច ជុំវិញការប្រើប្រាស់ផ្សែងពុលទាំងនេះ។ 

អនុសញ្ញាស្តីពីអាវុធគីមី (CWC) គឺជាឯកសារអន្តរជាតិដែលមានគោលបំណងហាមឃាត់ការអភិវឌ្ឍ ការផលិត ការស្តុកទុក និងការប្រើប្រាស់អាវុធគីមី ព្រមទាំងធានាការបំផ្លាញអាវុធគីមីដែលមានស្រាប់។ អនុសញ្ញានេះត្រូវបានអនុម័តនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ១៩៩២ នៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីស និងបានចូលជាធរមាននៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ១៩៩៧។ 

គោលបំណងសំខាន់ៗនៃអនុសញ្ញានេះ គឺហាមឃាត់រាល់សកម្មភាពទាក់ទងនឹងអាវុធគីមី រួមទាំងការប្រើប្រាស់ក្នុងសង្គ្រាម។ ទន្ទឹមនេះ ប្រទេសជាសមាជិកត្រូវបំផ្លាញអាវុធគីមី និងរោងចក្រផលិតអាវុធគីមីរបស់ខ្លួនតាមកាលកំណត់។

អនុសញ្ញានេះ បង្កើតប្រព័ន្ធត្រួតពិនិត្យដើម្បីធានាថាប្រទេសជាសមាជិកគោរពតាមកាតព្វកិច្ច។ បន្ថែមពីនេះ អនុសញ្ញា CWC បានលើកទឹកចិត្តឱ្យប្រើប្រាស់សារធាតុគីមីក្នុងគោលបំណងសន្តិភាព ដូចជាកសិកម្ម ឧស្សាហកម្ម និងវេជ្ជសាស្ត្រតែប៉ុណ្ណោះ។

អង្គការហាមឃាត់អាវុធគីមី (Organization for the Prohibition of Chemical Weapons - OPCW) ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់ ជាអង្គការអន្តរជាតិទទួលខុសត្រូវលើការអនុវត្ត CWC។  OPCW ធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសជាសមាជិក។  

គិតត្រឹមឆ្នាំ២០២៥ មានប្រទេសចំនួន ១៩៣ ជាសមាជិកនៃ CWC ដែលធ្វើឱ្យអនុសញ្ញានេះជាសន្ធិសញ្ញាគ្រប់ជ្រុងជ្រោយបំផុតមួយក្នុងការគ្រប់គ្រងអាវុធ។ ប្រទេសមួយចំនួនដែលមិនមែនជាសមាជិករួមមាន អ៊ីស្រាអែល (បានចុះហត្ថលេខាប៉ុន្តែមិនទាន់ផ្តល់សច្ចាប័ន) និងកូរ៉េខាងជើង។ ថៃ និងកម្ពុជាក៏ជាសមាជិកនៃ CWC។  

ចំណែកបញ្ហាប្រឈម  ការប្រើប្រាស់អាវុធគីមីនៅក្នុងជម្លោះថ្មីៗ ដូចជានៅស៊ីរី បានបង្ហាញពីបញ្ហាប្រឈមក្នុងការអនុវត្តអនុសញ្ញា។ ទន្ទឹមនេះ ភាគីថៃបានប្រើប្រាស់ផ្សែងពុលក្នុងការំលោភលើអធិបតេយ្យភាពកម្ពុជា ដែលបំពានទាំងស្រុងក្នុងនាមជាប្រទេសសមាជិក។ 

អនុសញ្ញាស្តីពីអាវុធជីវសាស្ត្រ (Biological Weapons Convention - BWC)

អនុសញ្ញាស្តីពីអាវុធជីវសាស្ត្រ (BWC) គឺជាឯកសារអន្តរជាតិដំបូងគេដែលហាមឃាត់ការអភិវឌ្ឍ ការផលិត និងការស្តុកទុកអាវុធជីវសាស្ត្រ និងសារធាតុពុល (toxins)។ អនុសញ្ញានេះ ត្រូវបានបើកសម្រាប់ឱ្យចុះហត្ថលេខានៅថ្ងៃទី ១០ ខែមេសា ឆ្នាំ១៩៧២ និងបានចូលជាធរមាននៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ១៩៧៥។  

គោលបំណងសំខាន់ៗនៃអនុសញ្ញាស្តីពីអាវុធជីវសាស្ត្រ  គឺហាមឃាត់ការប្រើប្រាសសារធាតុពុលសម្រាប់គោលបំណងសង្គ្រាម។ ទន្ទឹមនេះ ប្រទេសជាសមាជិកត្រូវបំផ្លាញអាវុធជីវសាស្ត្រដែលមានស្រាប់។ BWC លើកទឹកចិត្តឱ្យប្រទេសជាសមាជិកសហការក្នុងការស្រាវជ្រាវជីវសាស្ត្រសម្រាប់គោលបំណងសន្តិភាព។

គិតត្រឹមឆ្នាំ២០២៥ មានប្រទេសចំនួន ១៨៩ ជាសមាជិកនៃ BWC៕

ពាក្យគន្លឹះ: