ចិនស្វាគមន៍កិច្ចប្រឹងប្រែងបញ្ចប់ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ខណៈកិច្ចចរចាបទឈប់បាញ់ ចាប់ផ្តើមនៅម៉ាឡេស៉ី

Mr. Ro
បញ្ចូលដោយ -

(ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ចិនបានចេញមុខបង្ហាញការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបិទបញ្ចប់ការប្រយុទ្ធគ្នានៅព្រំដែនរវាងប្រទេសកម្ពុជានិងថៃ ស្របពេលដែលកិច្ចចរចាស្វែងរកបទឈប់បាញ់ រវាងមេដឹកនាំនៃប្រទេសអាស៊ានទាំងពីរ កំពុងតែប្រព្រឹត្តទៅនៅឯប្រទេសម៉ាឡេស៉ី ដែលមានឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun នារសៀលថ្ងៃចន្ទនេះ បានលើកឡើងយ៉ាងដូច្នេះថា «យើងសង្ឃឹមថា ភាគីទាំងពីរនឹងគិតគូរអំពីផលប្រយោជន៍រួម នៃប្រជាជនប្រទេសទាំងពីរ ប្រកាន់ខ្ជាប់ស្មារតីនៃការឱ្យតម្លៃសន្តិភាព និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ ព្រមទាំងកុំឆេវឆាវនិងអនុវត្តភាពអត់ធ្មត់ រួចហើយផ្អាកប្រយុទ្ធគ្នា និងបញ្ចប់ជម្លោះទៅវិញ​ឱ្យបានឆាប់តាមតែអាចទៅរួច»

គួរបញ្ជាក់ថា ខណៈជម្លោះប្រដាប់អាវុធនៅព្រំដែន ដែលបង្កឡើងដោយការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា បន្តឈានចូលថ្ងៃទី៥ ទីបំផុតមេដឹកនាំកម្ពុជានិងថៃ កំពុងជួបមុខគ្នាបើកកិច្ចចរចាជាលើកដំបូង នៅឯប្រទេសម៉ាឡេស៉ី ដើម្បីព្យាយាមសម្រេចឱ្យបានបទឈប់បាញ់ជាបន្ទាន់មួយ។ អ្នកតំណាងមកពីសហរដ្ឋអាមេរិកនិងចិន ក៏មានវត្តមានក្នុងកិច្ចពិភាក្សានេះផងដែរ៕



















ពាក្យគន្លឹះ: