ក្រសួងមហាផ្ទៃ​ថ្កោលទោស​កម្លាំងប្រដាប់អាវុធ​ថៃ​ភ្ជង់​កាំភ្លើង​ជំរិត​ទារប្រាក់​ប្រើ​អំពើ​ហិង្សា​និង​ចាប់​រំ​.​លោ​.​ភ​បូ​.​ក​.​លើ​ពល​ការិនី​ខ្មែរ

Bunlors
បញ្ចូលដោយ -


 រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត​លើ​កម្លាំងប្រដាប់អាវុធ​ថៃ ដែល​បាន​ភ្ជង់​កាំភ្លើង​ជំរិត​ទារប្រាក់​ប្រើ​អំពើ​ហិង្សាលើ​ពលករ​ខ្មែរ ជា​ពិសេស ក្រុម​កម្លាំងប្រដាប់អាវុធ​ថៃ​យ៉ាងតិច​៧​នាក់ ដែល​បាន​គំរាម​ដោយ​ប្រដាប់​អាវុធ​បង្ខំ​បំបែក​យុវតី​រង​គ្រោះ​ចេញពី​ចំណោម​ក្រុម​ពលករ​ខ្មែរ​ផ្សេង​ទៀត យក​ទៅ​ក្នុង​ព្រៃ​ព្រួត​ចាប់រំលោភ​បូក​លើ​នាង​យ៉ាង​អ​សីលធម៌ កាលពី​យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្នុង​គ្រា​ដែល​ក្រុម​ពលករ​ខ្មែរ បម្រុង​ឆ្លង​ព្រំដែន​ពី​ខេត្ត​ឈុ​ន​បុរី​ថៃ ចូល​មក​ទឹកដី​ខេត្តបាត់ដំបង​របស់​កម្ពុជា ។

សេចក្តី​ថ្កោលទោស​បាន​លើក​ឡើង​ថា អំពើ​ភ្ជង់​កាំភ្លើង​ជំរិត​ទារប្រាក់ ការ​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​ពលករ​ខ្មែរ ជា​ពិសេស ការ​ត្រួត​ចាប់រំលោភ​បូក​ពី​សំណាក់​ក្រុម​ប្រដាប់​អាវុធ​ថៃ​លើ​យុវតី​រង​គ្រោះ គឺជា​ឧក្រិដ្ឋកម្ម​ដ៏​ស្មោ​គគ្រោក កាច​សាហាវ ព្រៃផ្សៃ យង់ឃ្នង អមនុស្សធម៌​ក្រៃ​លែង គ្មាន​ភាព​ជា​មនុស្ស គួរ​ឱ្យ​ស្អប់ខ្ពើម​មិន​អាច​ទទួលយក​បាន ដែល​នេះ​ជា​បទឧក្រិដ្ឋ​ព្រហ្មទណ្ឌ​ទូទៅ និង​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ល្មើស​ទាំង​ច្បាប់​ផ្ទៃក្នុង​ថៃ​ខ្លួនឯង និង​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​ជា​អាទិ៍​ល្មើស​នឹង​ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ សេចក្តី​ប្រកាស​ជា​សាកល​ស្តី​ពី​សិទ្ធិ​មនុស្ស (​ទី​ក្រុងប៉ារីស​-​ឆ្នាំ​១៩៤៨) និង​អនុសញ្ញា​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម (UN-​ឆ្នាំ​១៩៨៤) ។ ជា​រួម អំពើ​ដ៏​លាមក​នេះ បាន​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស​សិទ្ធិ​ស្ត្រី​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍ ដែល​បញ្ញត្តិ​ដោយ​អនុសញ្ញា​ស្តី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​ស្ត្រីភេទ (CEDAW) អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN) និង​ក្របខ័ណ្ឌ ច្បាប់​អង្គការសហប្រជាជាតិ (UN)​។​ល​។


ក្រសួងមហាផ្ទៃ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ទាមទារ​ឱ្យ​សមត្ថកិច្ច​ថៃ ចាត់វិធានការ​ជា​បន្ទាន់ ចាប់ខ្លួន​ឧក្រិដ្ឋជន​ជា​កម្លាំងប្រដាប់អាវុធ​ថៃ​ទាំង​៧​នាក់ និង​ជន​ពាក់ព័ន្ធ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

ទន្ទឹម​នឹង​នេះ សូម​ទ​ទួ​ច​សហគមន៍​អន្តរជាតិ​ពាក់ព័ន្ធ មេត្តា​តាមដាន និង​ដាក់​សម្ពាធ​លើ​ភាគី​ថៃ ដើម្បី​យុត្តិធម៌​ពិតប្រាកដ​របស់​មនុស្សជាតិ ។ ជាមួយ​គ្នា​នេះ យើង​ក៏​អំពាវនាវ​ដល់​សាធារណជន​ថៃ កុំ​ជឿ​លើ​ការ​បំភ្លៃ​ថា ជា​ព័ត៌មាន​មិន​ពិត ដែល​បំភាន់​ដោយ​ក្រុម​ជ្រុលនិយម​ថៃ ដោយ​សូម​ចូលរួម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ខ្លួន បង្ហាញ​ការ​ទទួលខុសត្រូវ ដើម្បី​ស្តារ​មុខមាត់​ថៃ​បង្ហាញ​សហគមន៍​អន្តរជាតិ​ថា ថៃ​ពិតជា​ប្រទេស​មួយ​ដែល​មាន ក្រមសីលធម៌ គោរព​សិទ្ធិ​មនុស្ស និង​ជា​ប្រទេស​ដែល​កំពុង​រីក​ចម្រើន គួរ​ឱ្យ​ចង់​រាប់អាន​យក​ជា​មិត្តបាន ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ក្រសួងមហាផ្ទៃ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សូម​អំពាវនាវ​ប្រជាពលរដ្ឋ​ខ្មែរ រួម​ទាំង​ប្រជាពលរដ្ឋ​ជា​ពលករ​នៅ​ប្រទេស​ថៃ ដែល​មាន​បំណង​វិល​ត្រឡប់​ចូល​មាតុប្រទេស​វិញ សូម​ធ្វើ​ដំណើរ​មក​តាម​ច្រក​ទ្វារ​ព្រំដែន​ផ្លូវការ និង​សូម​ផ្តល់​ដំណឹង​មក​កាន់​ក្រុម​គ្រួសារ ឬ​ទំនាក់​ទំនង​ផ្តល់​ព័ត៌មាន​មក​អាជ្ញាធរ មន្ត្រី​ប្រចាំការ​នៅ​តាម​បណ្តា​ច្រក​ទ្វារ​ព្រំដែន ដើម្បី​ចៀសវាង​ហា​និភ័យ និង​គ្រោះថ្នាក់​ផ្សេង​ៗ​ជា​អាទិ៍​ដូច​ករណី​ខាងលើ​៕